អាហ្សង់ទីន ជួបបារាំង ជាលើកទី១៣

    កាលពីថ្ងៃសុក្រ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានបើកការហ្វឹកហាត់ របស់ខ្លួននាជម្រុំ ប្រោននីតស៊ី (Bronnitsy) ស្ថិតនៅទីក្រុង Moscow ដើម្បីត្រៀមជួប ក្រុមជម្រើសជាតិបារាំង នៅវគ្គ១៦ក្រុម FIFA World Cup យប់នេះ។ ក្រុមលោក ចច សាមប៉ោលី (Jorge Sampaoli) កំពុងព្យាយាមរក្សាការលេងអោយបានល្អ និងស្វែងរកជ័យជំនះ ជាកំហិត ដើម្បីបញ្ចៀសពីការក្លាយជាក្រុមដំបូងគេ ធ្លាក់នៅវគ្គ១៦ក្រុម។ 


    អាហ្សង់ទីន បានឡើងមក យ៉ាងតានតឹង ក្រោយជ័យជំនះលើ នីហ្សេរីយ៉ា នៅជំនួបចុងក្រោយពូល D តាមរយៈគ្រាប់ស៊ុតរបស់ Lionel Messi និង ម៉ាកូស រ៉ូចូ (Marcos Rojo)។     

ប្រវត្តិជួបគ្នា៖


    នេះជាលើកទីមួយរវាងក្រុមទាំងពីរនេះ ដែលបានជួបគ្នាក្នុងវគ្គចាញ់ធ្លាក់ព្រឹត្តិការណ៍ World Cup ។ បារាំង និង អាហ្សង់ទីននឹងត្រូវប្រឈមមុខគ្នាជាលើកទី១២ផងដែរ ។ ក្រុមមកពីអាមេរិកខាងត្បូងជាក្រុមមានប្រៀបជាមួយនឹងជ័យជម្នះ ៦ដង និងបារាំងចាញ់២ដង ហើយមិនរបូតគ្រាប់បាល់៨ដង ក្នុងចំណោមការប៉ះគ្នា ១១លើកចុងក្រោយរបស់ពួកគេ។ ដោយឡែក ពួកគេបានប៉ះគ្នាត្រឹមតែពីរដងប៉ុណ្ណោះក្នុងរយៈពេល ៣២ឆ្នាំចុងក្រោយនេះក្នុងការប្រកួតមិត្តភាពក្នុងឆ្នាំ ២០០៧ និង ២០០៩ ដែលអាហ្សង់ទីនបានឈ្នះ (១-០ និង ២-០) ។


    គួរបញ្ជាក់ថា ជំនួបរវាងអាហ្សង់ទីន និង បារាំង នឹងដំណើរការចាប់ពីម៉ោង ៩យប់នេះ ដោយការប្រកួតមានផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN CNC MYTV ផងដែរ៕



អត្ថបទដោយ៖ កុមារទេព