កីឡដ្ឋានបាល់ទាត់ល្បីឈ្មោះ២កន្លែងនៅប្រទេសប្រេស៊ីល ត្រូវបានផ្លាស់ប្តូរក្លាយជាមណ្ឌលសម្រាប់ព្យាបាលអ្នកឆ្លងវីរុសកូរ៉ូណាជាបណ្តោះអាសន្ន ខណៈវីរុសកំពុងរាតត្បាតនាប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះ។
កីឡដ្ឋានទាំង២ គឺកីឡដ្ឋាន Pacaembu
នាទីក្រុង São
Paulo និងកីឡដ្ឋាន Maracana នាទីក្រុង Rio
de Janeiro ដោយទីតាំងទាំងនេះ ត្រូវបានដាក់បញ្ចូលគ្រែ និង
ឧបករណ៍សង្រ្គោះជាច្រើន ប្រៀបដូចជាមន្ទីរពេទ្យមួយអញ្ចឹងដែរ។
ជាក់ស្តែង នៅលើវាលស្មៅនៃកីឡដ្ឋាន
Pacaembu
ដែលរាល់ដងមានសម្រែកហ៊ោកញ្ច្រៀវពីការប្រកួតរបស់ក្លិបយក្ស Corinthians និង Santos នោះ ត្រូវបានជំនួសដោយគ្រែពេទ្យចំនួន២០០
សម្រាប់ទទួលព្យបាលអ្នកជម្ងឺកូរ៉ូណា។
រីឯកីឡដ្ឋាន Maracana ដែលធ្លាប់ជាកន្លែងប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2014 និងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១៦វិញ អាជ្ញាធរក៏បានយកចំណតយានយន្តជុំវិញកីឡដ្ឋាននេះដាក់គ្រែទុកព្យាបាលអ្នកជម្ងឺប្រមាណ៤០០គ្រែ។ វានឹងជាទីតាំងមួយក្នុងចំណោម៨ទីតាំងបណ្តោះអាសន្នផ្សេងទៀត នៅក្នុងរដ្ឋ Rio de Janeiro ដែលអាជ្ញាធរប្រើប្រាស់សម្រាប់ព្យាបាលអ្នកឆ្លងវីរុសកូរ៉ូណា ដែលអាចកើនចំនួនលើសពីការរំពឹងទុក។
សូមបញ្ជាក់ថា នៅប្រេស៊ីលពេលនេះអ្នកឆ្លងវីរុសកូរ៉ូណា
មានចំនួនជាង ៥៨០០នាក់ និងអ្នកបាត់បង់ជីវិត២០២នាក់ហើយ៕
អត្ថបទដោយ៖ កុមារទេព