ក្លិប Tottenham Hostpur បានប្រកាសពីការកាត់ប្រាក់ខែបុគ្គលិក លើកលែងតែកីឡាករចំនួន២០ភាគរយ ស្របពេលមានវិបត្តិវីរុសកូរ៉ូណា។ នេះបើតាមសាររបស់ប្រធានក្លិប លោក Daniel Levy។ ចំពោះចំនួនបុគ្គលិក ដែលត្រូវកាត់ប្រាក់ខែគឺមានប្រមាណ៥៥០នាក់។
ក្នុងសាររបស់លោក Daniel
Levy ជនជាតិអង់គ្លេស វ័យ៥៨ឆ្នាំ បានរៀបរាប់ពីផលប៉ះពាល់ដោយសារវីរុសរាតត្បាតសកលមួយនេះ
ហើយថាការអនុវត្តន៍ការកាត់ប្រាក់ឈ្នួលបុគ្គលិកក្លិបគឺដើម្បីការពារការងាររបស់ពួកគេ។
ក្លិបក៏នឹងគ្រោងប្រើប្រាស់គ្រោងការណ៍របស់រដ្ឋាភិបាលនៅពេលណាដែលសមរម្យផងដែរ។ ចំពោះការកាត់ប្រាក់ខែនេះធ្វើឡើង២ខែគឺនៅខែមេសា
និង ខែឧសភា។
ក្រៅពីនេះ Spurs ក៏សង្ឃឹមថា Premier League និងស្ថាប័នដទៃទៀតលើកទឹកចិត្តឲ្យកីឡាករកាត់ប្រាក់ខែរបស់ខ្លួន ដើម្បីទ្រទ្រង់ប្រព័ន្ធបាល់ទាត់។
សូមបញ្ជាក់ថា
បច្ចុប្បន្នក្លិបបាល់ទាត់ធំៗជាច្រើននៅអឺរ៉ុបដូចជា Barcelona, Bayern Munich, Juventus និង Tottenham Hostpur នេះ បានអនុវត្តន៍ការកាត់ប្រាក់ឈ្នួលបុគ្គលិក ដោយសារវីរុសកូរ៉ូណាបានបង្អាក់មិនអោយមានការប្រកួតកើតឡើង
ដែលនាំអោយប៉ះពាល់ដល់ចំណូលរបស់ក្លិបបាល់ទាត់ទាំងអស់៕
អត្ថបទដោយ៖ កុមារទេព