កីឡាករបែលហ្ស៊ិក Thierry Neuville ឈ្នះការប្រណាំងរថយន្ត កម្មវីធី Rally Italia Sardegna

 

   កីឡាករបែលហ្ស៊ិក Thierry Neuville បានបន្តការនាំមុខការប្រណាំងរថយន្ត World Rally Championship 2018 ក្រោយផ្តួលគូប្រជែងគឺកីឡាករ បារាំង Sebastien Ogier ត្រឹមមួយចម្រៀកវិនាទីប៉ុណ្ណោះ នៅថ្ងៃផ្តាច់ព្រ័ត្រ កម្មវិធី Rally Italia Sardegna បុរសវ័យ២៩ឆ្នាំ ដែលកាន់ចង្កូតអោយក្រុម Hyundai បានប្រើពេលអស់ ៣ម៉ោង ២៩នាទី និង១៨វិនាទីចុច៧ ក្នុងការជិះចំនួន៣ថ្ងៃកន្លងមក នាតំបន់ Sardinia ប្រទេសអ៊ីតាលី។ រីឯ Ogier ដែលនាំមុខការប្រកួត២ថ្ងៃមកហើយនោះ បានភ្លាត់ចាញ់ ដៃគូនៅថ្ងៃទី៣ ដោយយឺតជាងតែ ០វិនាទី ចុច៧ របូត  ឱកាសយកជ័យជំនះទៅវិញ។ កីឡាករហ្វាំងឡង់ Esapekka Lappi មកពីក្រុម Toyota បានលេខ៣ នៅក្នុងការប្រកួត ដោយយឺតជាង ១នាទី ៥៦វិនាទី ចុច៣។ សម្រាប់តារាងពិន្ទុសរុបគឺ Thierry Neuville បន្តនាំមុខដដែល ដោយមាន១៤៩ពិន្ទុ ខណៈ Sebastien Ogier នៅលេខ២ មាន ១២២ពិន្ទុ។

    កម្មវិធី Rally Italia Sardegna គឺជាទីលានទី៧ ក្នុងចំណោម១៣ នៃការប្រណាំង World Rally Championship 2018។ ដំណាក់កាលជាបន្តគឺ កម្មវិធី Rally Finland ធ្វើឡើងនាថ្ងៃទី ២៦-២៩ ខែកក្កដា នាតំបន់ Keski Suomi ប្រទេសហ្វាំងឡង់៕


អត្ថបទដោយ៖ កុមារទេព