តើលោកអ្នកដឹងទេថា មានគ្រាប់បាល់ជាង២៣០០គ្រាប់ ត្រូវបានស៊ុតបញ្ចូលទី គិតត្រឹមព្រឹត្តិការណ៍ FIFA World Cup លើកទី២០។ ចាប់តាំងពីគ្រាប់ដំបូងដែលស៊ុតដោយកីឡាករបារាំង Lucien Laurent នៅ FIFA World Cup 1930 មានកីឡាករជាង ១២០០នាក់ ដែលបានស៊ុតបញ្ចូលទី ប៉ុន្តែមានចំនួនតែ១០រូបប៉ុណ្ណោះដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ។ ពេលនេះយើងខ្ញុំនឹងលើកយកកីឡាករទាំង១០រូបនោះ មកបង្ហាញដូចតទៅ៖
- លេខរៀងទី១០ អតីតខ្សែប្រយុទ្ធ Gary Lineker៖ បុរសវ័យ៥៧ឆ្នាំ លេងបាន១២ប្រកួត នៅ World Cup ឆ្នាំ ១៩៨៦ និង ១៩៩០ ស៊ុតបាន១០គ្រាប់អោយក្រុមជម្រើសជាតិអង់គ្លេស។
- លេខរៀងទី០៩ Gabriel
Batistuta៖ អតីតខ្សែប្រយុទ្ធអាហ្សង់ទីន វ័យ៤៩ឆ្នាំ ស៊ុតបាន
១០គ្រាប់ក្នុងការបង្ហាញខ្លួននៅ World Cup ចំនួន ៣លើកនៅឆ្នាំ
១៩៩៤,១៩៩៨ និង ២០០២ ក្នុងចំណោម១២ប្រកួត។
- លេខរៀងទី០៨ Helmut Rahn៖ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាល្លឺម៉ង់ខាងលិច បង្ហាញខ្លួន ១០ប្រកួត នៅ World Cup ឆ្នាំ ១៩៥៤ និង ១៩៥៨ ស៊ុតបាន១០គ្រាប់។ នៅឆ្នាំ២០០៣ លោកបានបាត់បង់ជីវិត ក្នុងអាយុ៧៣ឆ្នាំ។
- លេខរៀងទី០៧ អតីតខ្សែប្រយុទ្ធ Jurgen Klinsmann៖ បង្ហាញខ្លួន១៧ប្រកួត នៅ World Cup ឆ្នាំ ១៩៩០ ១៩៩៤ និង ១៩៩៨ បុរសវ័យ ៥៣ឆ្នាំ ស៊ុតបាន១១គ្រាប់អោយ ក្រុមឥន្ទ្រីយ៍ដែកអាល្លឺម៉ង់។
- លេខរៀងទី០៦ អតីតខ្សែប្រយុទ្ធហុងគ្រី Sandor Kocsis៖ បង្ហាញខ្លួន ៥ប្រកួតប៉ុណ្ណោះ នៅ World Cup ឆ្នាំ១៩៥៤ តែលោកស៊ុតបានដល់ទៅ១១គ្រាប់ ឯណោះ។ នៅឆ្នាំ ១៩៧៩ លោកបានបាត់បង់ជីវិត ត្រឹមអាយុ៤៩ឆ្នាំដោយឧបត្តិហេតុ។
- លេខរៀងទី០៥ អតីតខ្សែប្រយុទ្ធ Pele៖ បុរសវ័យ ៧៧ឆ្នាំ បង្ហាញខ្លួន១៤ប្រកួតនៅ World Cup ឆ្នាំ ១៩៥៨ ១៩៦២ ១៩៦៦ និង ១៩៧០ ដោយស៊ុតបាន ១២គ្រាប់ អោយក្រុមជម្រើសជាតិប្រេស៊ីល។
- លេខរៀងទី០៤ អតីតខ្សែប្រយុទ្ធបារាំង Just Fontaine៖ បង្ហាញខ្លួននៅ World Cup តែមួយលើកគត់នៅឆ្នាំ ១៩៥៨ លេងបាន ៦ប្រកួត ស៊ុតបានដល់ទៅ ១៣គ្រាប់។ ហើយមកទល់ពេលនេះ គ្មានកីឡាករណាមួយអាចបំបែកកំណត់ត្រារបស់លោកឡើយ។
- លេខរៀងទី០៣ អតីតខ្សែប្រយុទ្ធ Gerd Muller៖ បុរសវ័យ៧២ឆ្នាំ បង្ហាញខ្លួន ១៣ប្រកួត នៅ World Cup ឆ្នាំ១៩៧០ និង ១៩៧៤ ស៊ុតបាន ១៤គ្រាប់ អោយក្រុមជម្រើសជាតិអាល្លឺម៉ង់ខាងលិច។
- លេខរៀងទី០២ Ronaldo Luis Nazario de Lima ដែលត្រូវស្គាល់ថា Ronaldo ប្រេស៊ីលនោះ បានស៊ុត ១៥គ្រាប់ ក្នុងការបង្ហាញខ្លួន ១៩ប្រកួត នៅ World Cup ឆ្នាំ ១៩៩៤ ១៩៩៨ ២០០២ និង ២០០៦។
ចុងក្រោយ កីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេនៅ World Cup គឺ Miroslav Klose បង្ហាញបាន២៤ប្រកួត នៅឆ្នាំ ២០០២ ២០០៦ ២០១០ និង ២០១៤ ដោយស៊ុតបានដល់ទៅ១៦គ្រាប់ អោយក្រុមជម្រើសជាតិអាល្លឺម៉ង់៕
អត្ថបទដោយ៖ កុមារទេព