គ្រូ Man UTD បដិសេធ រឿង បញ្ជូន Alexis Sanchez ទៅហាត់ជាមួយក្រុមយុវជន

    អ្នកចាត់ការ Man UTD លោក Ole Gunnar Solskjaer បានបដិសេធព័ត៌មានថា ខ្សែប្រយុទ្ធ Alexis Sanchez ត្រូវបានបញ្ជូនទៅហាត់ជាមួយក្រុមយុវជនរបស់ក្លិប។ ទោះបី Sanchez វ័យ៣០ឆ្នាំ មានកម្លាំងមិនពេញល្អ តាំងពីផ្លាស់មកពី Arsenal កាលខែមករាឆ្នាំមុនក្ដី តែលោក Solskjaer ជឿថារូបគេនឹងលេងល្អក្នុងរដូវកាលថ្មីនេះ។

    លោក Ole Gunnar Solskjaer ថ្លែងថា វាគ្មានរឿងបែបនោះទេ Sanchez មិនបានទៅណាឡើយ។ គេជិតក្លាយជាផ្នែកនៃការប្រកួតរបស់យើងវិញហើយ"។ Alexis Sanchez ដែលមក Old Trafford ជាផ្នែកនៃកិច្ចព្រមព្រៀងប្ដូរជាមួយ Henrikh Mkhitaryan បានរងរបួសសរសៃពួរអំឡុងពេលលេងឱ្យឈីលីក្នុងព្រឹត្តិការណ៍ Copa America ខែមុន។


    អ្នកចាត់ការជនជាតិន័រវេស បន្ថែមថា Sanchez ដែលរកបានត្រឹម៥គ្រាប់ក្នុង៣១ប្រកួត កន្លងមកនេះ គឺជាកីឡាករប្រកបដោយវិជ្ជាជីវៈ និងខំហាត់យ៉ាងខ្លាំង។ រដូវកាលនេះ Sanchez ប្រហែលបានចូលលេងញឹកញាប់ ដ្បិត Man UTD បច្ចុប្បន្នមិនមានខ្សែប្រយុទ្ធច្រើននាក់ទេ។” សូមជម្រាបថា ការប្រកួតបន្ទាប់របស់ Man UTD គឺនៅទឹកដី Wolves ក្នុងក្របខ័ណ្ឌ Premier League នាយប់នេះ៕


អត្ថបទដោយ៖ កុមារទេព