Liverpool កំពុងពិចារណាលើអ្នកចាំទីវ័យ៣៥ឆ្នាំម្នាក់ ក្រោយ Alisson របួស

    Liverpool អាចចុះកិច្ចសន្យាជាមួយអ្នកចាំទីជនជាតិអង់គ្លេសវ័យ៣៥ឆ្នាំដែលកំពុងទំនេរគ្មានក្លិប Andy Lonergan អាស្រ័យលើរយៈពេលនៃរបួសកំភួនជើងរបស់អ្នកចាំទីដៃទី១ Alisson


    កីឡាករជម្រើសជាតិប្រេស៊ីលរូបនេះបានរងរបួសអំឡុងពេលប្រកួតបើកឆាក Premier League កាលពីរាត្រីថ្ងៃសុក្រ ដែល Liverpool បានលត់ Norwich ៤-១។ អតីតអ្នកចាំទី West Ham ជនជាតិអេស្ប៉ាញ Adrian ដែលជាសមាជិកថ្មីចូល Anfield ដោយគ្មានតម្លៃផ្ទេរ បានជំនួស Alisson សម្រាប់នាទីដែលនៅសល់ក្នុងការប្រកួតនោះ។

    របួសរបស់ Alisson ត្រូវបានសន្និដ្ឋានថាត្រូវការពេលព្យាបាលយ៉ាងហោច៤សប្ដាហ៍ ហើយ Adrian ត្រូវបានរំពឹងថានឹងរ៉ាប់រងតួនាទីដៃទី១ជំនួស។

    តាមពិត Liverpool មានអ្នកចាំទីជម្រើសទី៣ម្នាក់ទៀតគឺ Caoimhin Kellerher ប៉ុន្តែគេមិនទាន់ពេញលេញ ដោយសាររបួសបាក់ម្រាមដៃ ដូច្នេះ ការចុះកិច្ចសន្យាជាមួយ Lonergan ជាជម្រើសមួយ។


    Lonergan ដែលធ្លាប់ជាប់ជម្រើសជាតិU20អង់គ្លេសអំឡុងឆ្នាំ២០០២-២០០៣ កំពុងគ្មានក្លិប ក្រោយចែកផ្លូវជាមួយ Middlesbrough នៅដំណាច់រដូវកាល២០១៨-១៩។ គេធ្លាប់លេងឱ្យក្លិបជាច្រើនដូចជា Preston North End, Darlington, Blackpool, Wycombe Wanderers, Swindon Town, Leeds United, Bolton Wanderers, Fulham, Wolverhampton Wanderers និង Rochdale

    គេបានចូល​រួម​ក្នុងដំណើរ Pre-season ជាមួយ Liverpool ដោយសារ​តែ​លោក Jurgen Klopp ខ្វះ​អ្នកចាំទី ខណៈ​កាលណោះ  Alisson កំពុង​សម្រាក៕


អត្ថបទដោយ៖ កុមារទេព