អ្នកគាំទ្រនៅកូរ៉េខាងត្បូង ធ្វើការប្តឹង Cristiano Ronaldo

    អ្នកគាំទ្របាល់ទាត់ជាច្រើននៅកូរ៉េខាងត្បូង បានកំពុងស្វែងរកការដោះស្រាយតាមផ្លូវច្បាប់ ទាមទារជម្ងឺចិត្តពីខ្សែប្រយុទ្ធ Cristiano Ronaldo ដែលមិនព្រមចូលលេងក្នុងជំនួបមិត្តភាព រវាង Juventus នឹងក្រុម K League All Stars នៅទីក្រុងសេអ៊ូលកាលពីសប្តាហ៍មុន។


    បើតាមអ្នករៀបចំកម្មវិធីប្រកួត បានអោយដឹងថា Ronaldo បានចុងត្រា លេងអោយបានយ៉ាងហោចណាស់៤៥នាទី ប៉ុន្តែរូបគេបែរជាអង្គុយមើលពេញមួយប្រកួតទៅវិញ។

    បញ្ហានេះធ្វើអោយមានការបង្កើតសមាគមន៍តាមប្រព័ន្ធអនឡាញនៅកូរ៉េខាងត្បូង ដើម្បីស្វែងការគាំទ្រ ក្នុងបំណងប្តឹង Cristiano Ronaldo ដែលមិនយកចិត្តទុកដាក់ចំពោះពួកគេ ក្រៅពីនេះក៏មានការប្តឹងទៅកាន់អ្នករៀបចំការប្រកួតផងដែរ។

    ក្នុងបណ្តឹងនោះទាមទារអោយសងជម្ងឺចិត្ត ៧ម៉ឺនវ៉ុនសម្រាប់សំបុត១សន្លឹក ១ពាន់វ៉ុនសម្រាប់កម្រៃជើងសារក្នុងសំបុត្រ១សន្លឹក និង១លានវ៉ុន លើការប៉ះពាល់ផ្លូវសម្រាប់អ្នកគាំទ្រម្នាក់ៗ។


     ខាងសមាគមន៍បាល់ទាត់កូរ៉េខាងត្បូង បានដាក់លិខិតតវ៉ា ទៅកាន់ ក្លិប Juventus អំពីរឿងរ៉ាវខាងលើដែរ ប៉ុន្តែម្ចាស់ក្លិប Juventus លោក Andrea Agnelli បានបកស្រាយថា Cristiano Ronaldo មិនអាចចូលលេង ព្រោះក្រុមវេជ្ជបណ្ឌិតបានផ្តល់ដំបូន្មានអោយគេសម្រាក ដើម្បីបន្ធូរសាច់ដុំ ក្រោយប្រកួតជាមួយ Inter Milan មុន ៤៨ម៉ោង ដែលត្រូវមកប្រកួតជាមួយ ក្រុម K League All Stars តែប៉ុណ្ណោះ៕


អត្ថបទដោយ៖ កុមារទេព