Arjen Robben ប្រកាសចូលនិវត្តន៍ ក្នុងវ័យ៣៥ឆ្នាំ

    អតីតខ្សែប្រយុទ្ធ Bayern Munich និង Chelsea កីឡាករ Arjen Robben បានប្រកាសចូលនិវត្តន៍ពីអាជីពលើវាលស្មៅហើយ ក្នុងវ័យ៣៥ឆ្នាំ។


    អតីតកីឡាករជម្រើសជាតិហូរឡង់ ដែលផុតកុងត្រាជាមួយ Bayern Munich កាលពីខែមិថុនាបានបង្ហាញខ្លួនតែ១២ប្រកួតប៉ុណ្ណោះក្នុងលីគកំពូលអាល្លឺម៉ង់ នៅរដូវកាលមុន ដោយសារគេទទួលបញ្ហាញ៉ាំញ៉ីច្រើនពីរបួស។

    ការចូលនិវត្តន៍នេះ មានន័យថា រូបគេបានលាលែងពីគ្រប់ការប្រកួតទាំងអស់ បើទោះជាគេនៅមានឱកាសលេងអោយជម្រើសជាតិហូរឡង់ 2 ទៅ 3 រដូវកាលទៀតក៏ដោយ។


    Arjen Robben បានចាប់ផ្តើមអាជីពដំបូងនៅឆ្នាំ 2001 ជាមួយក្លិបលីគកំពូលហូរឡង់ Groningen ហើយទើបគេបានបន្តលេងអោយក្លិបនានាដូចជា PSV, Chelsea, Real Madrid និង Bayern Munich។ ជាង២ទសវត្សនេះ Arjen Robben បានបង្ហាញខ្លួន ៤២០ប្រកួត ដោយស៊ុតបាន ២១០គ្រាប់។ គេបានឈ្នះពានរង្វាន់ជាច្រើនដូចជា Eredivisie ១ដង La Liga​ ១ដង Premier League ២ដង និងពា​ន Bundesliga ៨ដង។ ជាមួយក្រុមជម្រើសជាតិវិញ  Robben​ បានបង្ហាញខ្លួន៩៦ដង ស៊ុតបាន៣៧គ្រាប់ ដោយជួយក្រុមឈ្នះតំណែងរងជើងឯក FIFA World Cup 2010 និង តំណែងលេង៣​ កាលឆ្នាំ 2014៕


អត្ថបទដោយ៖ កុមារទេព