Buffon ទៅពិនិត្យសុខភាពត្រៀមចូលរួមជាមួយ Juventus សាជាថ្មី

    ក្លិបសេះបង្កង់ Juventus បានបញ្ជាក់អោយដឹងថា អតីតអ្នកចាំទីចាស់វស្សារបស់ខ្លួន កីឡាករ Gianluigi Buffon បានកំពុងស្ថិតក្នុងដំណើរត្រួតពិនិត្យសុខភាព ដើម្បីត្រៀមវិលមកលេងអោយក្លិបវិញ។


    សមាជិកដែលជួយអ៊ីតាលីឈ្នះ World Cup ឆ្នាំ 2006 រូបនេះ បានចាកចេញពីក្លិបមានមូលដ្ឋាននាទីក្រុង Turin កាលពីរដូវកាល 2018-19 ទៅលេងអោយក្លិបលីគកំពូលបារាំង PSG ដោយគេបានជួបក្លិបឈ្នះពាន Ligue 1 និង Trophée des Champions នៅរដូវកាលនោះដែរ។

    យ៉ាងណាក្តី នៅដំណាច់រដូវកាល  Buffon ក៏បានប្រកាសថា គេនឹងចាកចេញពី PSG តែនឹងបន្តអាជីពដដែល ហើយទីបំផុតក៏មានព័ត៌មានថា គេត្រៀមចូលរួមជាមួយក្លិបសេះបង្កង់វិញ។


    គួរអោយដឹងថា Gianluigi Buffon បានចូលលេងអោយ Juventus លើកដំបូងកាលពីឆ្នាំ 2001 បន្ទាប់ពីផ្ទេរចេញពីក្លិប Parma។ គេបានលេងអោយ Juventus ១៧រដូវកាល  ដោយបង្ហាញខ្លួនបាន 656ដង ដោយបានជួយក្លិបឈ្នះពាន Serie A ដល់ទៅ៩ដង៕


អត្ថបទដោយ៖ កុមារទេព