ក្រោយពីផ្ទុះរឿងរ៉ាវមិនប្រក្រតីស្តីពីការសម្រេចលទ្ធផលអោយកីឡាករគុនខ្មែរ ឃីម បូរ៉ា ចាញ់ពិន្ទុកីឡាករថៃ ទួនប៉េ ស៊ីតសាមផាយ៉ាក់ ទាំងមិនទំនង ឯ.ឧ តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើកោះប្រជុំជាបន្ទាន់ ដើម្បីពិនិត្យវីដេអូនៃការប្រកួតរវាងកីឡាករទាំងពីររូបនិងធ្វើការវិនិច្ឆ័យឡើងវិញនាសាលប្រជុំរបស់ស្ថានីយ៍ទូរទស្សន៍ CBS កាលពីល្ងាចថ្ងៃអាទិត្យទី១៧នេះ។
ក្រៅពីឯកឧត្តមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ តែម ម៉ឺន គេក៏ឃើញមានការចូលរួមពីក្រុមប្រឹក្សាបច្ចេកទេស និង វិន័យ ដែលមានលោកសាស្ត្រាចារ្យ ឆឹង យ៉ៅយ៉េន លោក មាស សុខគ្រី លោក អ៊ិន ខេមរិន្ទ លោក រ័ត្ន សេត្ថា លោក និន វណ្ណដា លោក ហួត សេងទ្រី និង លោក ម៉ា ស៊ីថេត ដែលជាប្រធានរៀបចំការប្រកួតកីឡាប្រដាល់របស់ CBS ផងដែរ។ ការសើរើនិងវិនិច្ឆ័យឡើងវិញនេះគឺជាការឆ្លើយតបនិងរកអោយឃើញធាតុពិតអំពីលទ្ធផលនៃការប្រកួតរវាង កីឡាករគុនខ្មែរ ឃីម បូរ៉ា និងកីឡាករថៃ ទួនប៉េ។ សូមបញ្ជាក់ឡើងវិញថាពួកគេទាំងពីរនាក់បានប្រកួតគ្នាក្នុងកម្មវិធីខារ៉ាបាវដណ្តើមប្រាក់លានកាលពីថ្ងៃសៅរ៍ទី១៦កន្លងមក។ ក្រោយពីឆ្លងកាត់ការប្រកួតពេញ៥ទឹកចៅក្រមពីររូបបានផ្តល់ពិន្ទុអោយ ឃីម បូរ៉ា ជាអ្នកទទួលជ័យជម្នះ តែមានចៅក្រមបីរូបបានអោយ ទួនប៉េ ជាអ្នកឈ្នះស្របពេលដែល បូរ៉ា ជាអ្នកមានប្រៀបក្នុងការប្រកួតនេះជាពិសេសបានវាយអោយ ទួនប៉េ ស្ទើរសន្លប់និងត្រូវលោក អជ្ញាកណ្តាលរាប់នៅទឹកទី៤ទៀតផង។
ដោយសារតែលទ្ធផលមិនប្រក្រតីនិងបានបណ្តាលអោយមានប្រតិកម្មពីសំណាក់ប្រិយ៍មិត្តក៏ដូចជាស្ថានីយ៍ទូរទស្សន៍ CBS ដែលទទូចចង់អោយសហព័ន្ធមានការពង្រឹងសមត្ថភាពចៅក្រមរបស់ខ្លួន ទើបឯកឧត្តម តែម ម៉ឺន បានធ្វើការឆ្លើយតបយ៉ាងទាន់ពេលវេលានិងបានបង្កើតគណកម្មការអោយសើររើរឿងនេះឡើងវិញដោយ ឯកឧត្តម ខ្លួនឯងក៏បានចូលរួមពិនិត្យពិច័យយ៉ាងយកចិត្តទុកដាក់ផងដែរ។
ក្រោយពីមើលវីឌីអូប្រកួតសាឡើងវិញក្នុងទឹកទីមួយ សមាជិកនៃគណកម្មការគ្រប់រូបបានអោយពិន្ទុ ឃីម បូរ៉ា ឈ្នះដូចៗគ្នា។ រីឯទឹកទី២អ្នកទាំងអស់គ្នាក៏អោយ ឃីម បូរ៉ា ជាឈ្នះទាំងអស់គ្នាដែរ។ នៅទឹកទី៣ លោក មាស សុខគ្រី លោក ឆឹង យ៉ៅយ៉េន លោក អ៊ិន ខេមរិន្ទ និង រ័ត្ន សត្ថា អោយកីឡាករថៃ ទួនប៉េ ឈ្នះ ខណៈដែលឯកឧត្តម តែម ម៉ឺន និង លោក និន វណ្ណដា នៅតែអោយ ឃីម បូរ៉ា ឈ្នះដដែល។ ដូចនេះក្នុងទឹកទី៣នេះគណកម្មការសម្រេចអោយ ទួន ប៉េ ឈ្នះ។ នៅទឹកទី៤ សមាជិកទាំងអស់របស់គណកម្មការបានអោយ ឃីម បូរ៉ា ជាអ្នកឈ្នះទាំងអស់គ្នាដែរ។ ទឹកទី៥ដែលជាទឹកផ្តាច់ព្រ័ត្រ សមាជិកទាំងអស់របស់គណកម្មការបានអោយ ទួនប៉េ ជាអ្នកឈ្នះវិញ។
សរុបទាំង៥ទឹក គណកម្មការខាងលើបានបូកសរុបចេញជាលទ្ធផលគឺ ឃីម បូរ៉ា ជាអ្នកឈ្នះ ទួនប៉េ ដោយពិន្ទុដោយឯកច្ឆ័ន ដែលផ្ទុយពីលទ្ធផលដែលគេបានប្រកាសនៅក្នុងកម្មវិធីប្រកួតជាក់ស្តែង។
ដូចនេះតាមរយៈ ក្រុមប្រឹក្សាបច្ចេកទេស និងក្រុមប្រឹក្សាវិន័យ បានសម្រេចថាចៅក្រមទាំងបីរូបដែលមានលោក ឡុង សាលវ័ន្ត លោក រាម កុសល និង លោក ម៉ង់ ស៊ីថន ដែលបានផ្តល់ពិន្ទុអោយ ឃីម បូរ៉ា ចាញ់គឺត្រូវតែទទួលពិន័យដែលបានចែងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលអសមត្ថភាពនៅក្នុងការផ្តល់ភាពសុក្រិត្រយុត្តិធម៌ដល់កីឡាករបាន ដែលលោកទាំងបីរូបនេះអាចនិងត្រូវព្យួរការងារចាប់ពី ៦សប្តាហ៍ឬលើសពីនេះ ដើម្បីបន្តការរៀនសូត្រកែលម្អនូវចំនុចខ្វះខាតរបស់ខ្លួន។
លោក រាម កុសល (ឆ្វេង), លោក ឡុង សាលវ័ន្ត (កណ្ដាល), លោក ម៉ង់ ស៊ីថង (ស្ដាំ)
ឯកឧត្តម តែម ម៉ឺន បានមានប្រសាសន៍ថាការធ្វើការដោយខ្ជីខ្ជារបស់អស់លោកមួយចំនួនតូចបានធ្វើអោយមហាជនមិនពេញចិត្តចំពោះសហព័ន្ធទាំងមូលនិងបានធ្វើអោយខូចមុខមាត់ស្ថានីយ៍ទូរទស្សន៍ដែលជាទីផ្សារផ្តល់កម្រៃពលកម្មកីឡាករទៀតផង។ ដូចនេះលោកត្រូវតែកែលម្អរាល់ភាពអសកម្មទាំងនេះ ហើយជាមួយគ្នានេះដែរលោកក៏នៅតែថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រិយ៍មិត្តគ្រប់រូបដែលតែងតែមានការយោគយល់និងរិះគន់ស្ថាបនាវិស័យនិងគាំទ្រកីឡាគុនខ្មែររបស់យើង។
ទស្សសនាវីដេអូនៃការប្រកួតរវាង ឃីម បូរ៉ា និងទួនប៉េ ខាងក្រោមនេះ៖
អត្ថបទដោយ៖ ពូចយ