Arsenal បើកការចរចាជាមួយ PSG អំពីការផ្ទេរខ្សែការពារ Thomas Meunier

    សារព័ត៌មាន Dailymail នៅអង់គ្លេស បានអោយដឹងថា Arsenal បានបើកការចរចាជុំវិញការផ្ទេរខ្សែការពារស្លាបស្ដាំ Thomas Meunier ពីក្លិប Paris St Germain


    ក្លិបកាំភ្លើងធំ បានអោយថ្លៃ២០លានផោនសម្រាប់កីឡាករជម្រើសជាតិបែលហ្ស៊ិកវ័យ២៧ឆ្នាំរូបនេះ ខណៈ ក្លិបលីគកំពូលបារាំង ចង់បាន៣០លានផោន។

    Thomas Meunier ជាគោលដៅចម្បងរបស់លោក Unai Emery តែ Arsenal បារម្ភខ្លាចការមិនបានលេងពាន UEFA Champions League អាចជាឧបសគ្គចំពោះការផ្ទេរ។​


    ក្នុងរដូវក្ដៅនេះ លោក Emery មានកញ្ចប់លុយ៤៥លានផោនដើម្បីទិញកីឡាករ ដូច្នេះបើពួកគេត្រូវចាយ៣០លានផោនលើ Meunier នោះ មានន័យថាកញ្ចប់លុយសម្រាប់ទិញកីឡាករក្នុងរដូវក្ដៅនេះអស់ជាងពាក់កណ្ដាលបាត់ទៅហើយ។ ទោះយ៉ាងណា Arsenal កំពុងព្យាយាមបញ្ចុះបញ្ចូល PSG អោយចុះថ្លៃមក២០លានផោន៕


អត្ថបទដោយ៖ កុមារទេព