Messi ឈ្នះពានរង្វាន់លើភាពសប្បុរសរបស់ខ្លួន

    តារាបាល់ទាត់ក្លិប FC Barcelona គឺកីឡាករ Lionel Messi បានទទួលកិត្តិយស ក្នុងការឈ្នះពានរង្វាន់សប្បុរស St. George's Cross ដែលផ្តល់អោយប្រធានាធិបតីតំបន់ Catalonia លោក Quim Torra ផ្ទាល់តែម្តង។


    ការផ្តល់ពានរង្វាន់ខាងលើគឺដើម្បីជាការអរគុណដល់កីឡាករជនជាតិអាហ្សង់ទីន ដែលបានជួយជ្រោមជ្រែងវិស័យកីឡាបាល់ទាត់នាតំបន់នេះ រយៈពេលកន្លងមក ដែលធ្វើអោយ គេក្លាយខ្សែប្រយុទ្ធដ៏អស្ចារ្យមួយរូប។

    រដ្ឋាភិបាលតំបន់ Catalonia ក៏បានកោតសរសើរដល់ មូលនិធិ Lionel Messi Foundation និងកិច្ចសហការរបស់ពួកគេក្នុងការផ្តល់ជំនួយដល់មន្ទីរពេទ្យ និង ការបង្កើតមណ្ឌលសង្គ្រោះជម្ងឺមហារីកកុមារ នាទីក្រុង Barcelona ថែមទៀត។


    គួរអោយដឹងថា ពានរង្វាន់ St. George's Cross ត្រូវបានបង្កើតឡើងកាលឆ្នាំ១៩៨១ នឹងត្រូវបានផ្តល់អោយដោយរដ្ឋាភិបាលតំបន់ Catalonia ទៅកាន់បុគ្គល ឬ ស្ថាប័នណាមួយ ដែលបានបង្ហាញការជ្រោមជ្រែងភាពសប្បុរសយ៉ាងអស់ពីចិត្ត។ ក្រៅពីនេះ ពានរង្វាន់ខាងលើ ក៏ផ្តល់អោយដល់អ្នកដែលបាន ពលី និង ការពារ អត្តសញ្ញាណរបស់តំបន់ Catalonia ផងដែរ៕


អត្ថបទដោយ៖ កុមារទេព