Liverpool វាយបកផ្តួល Barcelona ឡើងផ្ដាច់ព្រ័ត្រ UEFA Champions League ២លើកជាប់គ្នា (មានវីដេអូ)

    Liverpool បានបង្កើតសា្នដៃស្ទើរមិនគួរអោយជឿ ពោលគឺអាចវាយបកយកឈ្នះ FC Barcelona ៤-០ នៅជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League


    កាលពីជើងទី១ ក្រុមហង្សក្រហម បានចាញ់ដោយលទ្ធផល ៣-០ ប៉ុន្តែលទ្ធផលនៅជើងទី២ នេះ ធ្វើអោយពួកគេបន្តបេសកកម្មឡើងដល់វគ្គផ្តាច់ព្រ័ត្រដោយជោគជ័យ។

    ក្នុងការប្រកួតនាទីលាន Anfield កាលពីយប់មិញ Liverpool មិនមានវត្តមានខ្សែប្រយុទ្ធសំខាន់២រូបគឺ Mohamad Salah និង Roberto Firmino។ កូនក្រុមលោក Jurgen Klopp អាចគ្រប់គ្រងបាល់បានតែ ៤៣ភាគរយប៉ុណ្ណោះ ប៉ុន្តែពួកគេមានឱកាសស៊ុតដល់ទៅ១៣លើក ខណៈ Barcelona មានឱកាសតែ៨លើក។

    លេងបានតែ៧នាទី កីឡាករ Divock Origi ក៏បានរកគ្រាប់បើកឆាក ដល់ក្រុមម្ចាស់ផ្ទះ ដែលវគ្គទី១ មានការស៊ុតតែ១លើកនេះប៉ុណ្ណោះ។ 

    មកដល់វគ្គទី២នាទី៥៤ ខ្សែបម្រើ Georginio Wijnaldum បានបំប៉ោងសំណាញ់ទី១គ្រាប់ទៀត មុនពេលរូបគេដដែលបន្ថែមគ្រាប់ទី៣អោយ Liverpool នៅ២នាទីបន្ទាប់។ ខណៈ Barcelona មិនអាចស្រវាឱកាសតាមរកគ្រាប់បាល់មកវិញនោះ កីឡាករ Divock Origi បានក្លាយជាវីរបុរសដោយស៊ុតគ្រាប់ជ័យជំនះក្នុងនាទី៧៩ តែម្តង។


    នេះជាការឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ២លើកជាប់គ្នារបស់ Liverpool រីឯ Barcelona វិញ រងការបរាជ័យពីការវាយបក ២លើកជាប់គ្នាដែរ បន្ទាប់ពីឆ្នាំមុខពួកគេបាន នាំមុខ Roma ៤-១ ក្នុងជើងទី១ វគ្គ៨ក្រុមចុងក្រោយ តែបានចាញ់៣-០វិញក្នុងជើងទី២នៅអ៊ីតាលី ធ្វើឱ្យពួកគេធ្លាក់យ៉ាងមិននឹកស្មានដល់៕

    វីដេអូខាងក្រោម៖



អត្ថបទដោយ៖ កុមារទេព