Jurgen Klopp រំពឹងថា Mohamed Salah នឹងអាចជាទាន់ពេលប៉ះ Barcelona

    អ្នកចាត់ការ Liverpool លោក Jurgen Klopp បានបង្ហាញអារម្មណ៍បែបសុទិដ្ឋិនិយមថា ខ្សែប្រយុទ្ធ Mohamed Salah នឹងអាចជាទាន់ពេលដែល Liverpool បើកទ្វារផ្ទះ Anfield របស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ FC Barcelona នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តពានរង្វាន់ UEFA Champion League ជើងទី២។


    កីឡាករ​អេហ្ស៊ីប​បានរង​របួស ក្រោយ​ការ​ប៉ះទង្គិច​ជាមួយ​ អ្នកចាំទី Martin Dubravka របស់ Newcastle United កាលពីម្សិលមិញ ក្រោយស៊ុតបញ្ចូលទីបាន១គ្រាប់ ដោយត្រូវសែងចេញមកខាងក្រៅ ក្រោយក្រុមគ្រូពេទ្យបានចូលទៅពិនិត្យទៅដល់ទីលាន។

    លោក Klopp បាននិយាយក្រោយចប់ការប្រកួតថា៖ "គេបានប៉ះ​ទង្គិច​ចំ​ក្បាល​ជាមួយ​អ្នក​ចាំទី​ ហើយ​បន្ទាប់​មក​គាត់​ក៏​ធ្លាក់​ទៅ​លើ​ដី ហើយ​ការ​សម្រេច​ចិត្ត​គឺ​បញ្ឈប់​គាត់​ពី​ការ​ប្រកួត ហើយ​យើង​​ត្រូវ​តែ​ទទួល​យក​ការ​សម្រេច​ចិត្ត​នេះ។ យើង​ត្រូវ​តែ​រង់ចាំមើលសិន ព្រោះគេ​របួស​មិន​សូវ​​ខ្លាំង​ទេ យ៉ាងណាខ្ញុំសង្ឃឹមថាគេនឹងអាចមកជួយក្រុមវិញបាននៅពាក់សប្តាហ៍ក្រោយ។"


    ក្រុមហង្សក្រហមកំពុងតែមានវិបត្តិខ្សែប្រយុទ្ធក្រោយពេលដែល Roberto Firmino ត្រូវសម្រាកព្យាបាលរបួសរហូតដល់ចប់រដូវកាល ដោយសារតែមានបញ្ហាសាច់ដុំ ខណៈតំបន់ប្រយុទ្ធនាពេលបច្ចុប្បន្នគឺនៅសល់តែ Daniel Sturridge និង Divock Origi តែប៉ុណ្ណោះ។


អត្ថបទដោយ៖ កុមារទេព