Iker Casillas ធូរស្បើយវិញហើយ ក្រោយគាំងបេះដូងពេលហ្វឹកហាត់

    FC Porto បានបញ្ជាក់ថាអ្នកចាំទី Iker Casillas ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យក្នុងទីក្រុង Porto កាលពីថ្ងៃពុធ បន្ទាប់ពីមានបញ្ហាគាំងបេះដូង។


    អតីតប្រធានក្រុម Real Madrid វ័យ៣៧ឆ្នាំ បានជួបបញ្ហាក្នុងពេលហ្វឹកហាត់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។ ក្រោយការព្យាបាល រូបគេក៏ត្រូវបញ្ជាក់ថាបានធូរស្រាលហើយ។

    សូមបញ្ជាក់ថា Casillas បានលេងឱ្យក្រុមជម្រើសជាតិអេស្ប៉ាញដល់ទៅ១៦៧ប្រកួត និងបានជួយអេស្ប៉ាញលើកពាន World Cup ជាលើកទី១ក្នុងប្រវត្តិសាស្ត្រកាលពីឆ្នាំ២០១០។ គេក៏បានជួយអេស្ប៉ាញលើកពាន Euro 2008 និង 2012 ផងដែរ។

    គេបានចូលហាត់នៅថ្នាល Real Madrid ក្នុងឆ្នាំ១៩៩០ និងឡើងចូលក្រុមធំក្លិបនេះក្នុងឆ្នាំ១៩៩៩ ហើយលេងនៅទីនោះរហូតដល់ឆ្នាំ២០១៥មុនផ្លាស់មក Porto

    គេបានលេងឱ្យ Real Madrid ចំនួន៧២៥ប្រកួត ហើយមានតែ Raul ម្នាក់គត់ដែលលេងឱ្យ Real បានច្រើនដងជាង Casillas គឺចំនួន៧៤១ប្រកួត។


    អំឡុងពេលនៅជាមួយ Real អតីតអ្នកចាំទីឆ្នើមបំផុតក្នុងលោក៥ឆ្នាំជាប់គ្នាខាងលើ បានឈ្នះពាន La Liga ៥ដង, Copa del Rey ២ដង, UEFA Champions League ៣ដង, UEFA Super Cup ២ដង និង FIFA Club World Cup ១ដង៕


អត្ថបទដោយ៖ កុមារទេព