ឡុង សំណាង ក្រសោបបានជើងឯកការប្រកួតដណ្តើមខ្សែក្រវាត់ជើងឯកគុនខ្មែរហ្សូរ៉ាស់

    បន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេលជាង៣ខែកន្លងមក ទីបំផុតកម្មវិធីប្រដាល់ដណ្តើម ខ្សែក្រវាត់ជើងឯកគុនខ្មែរហ្សូរ៉ាស បានរកឃើញតំណែងជើងឯកហើយ។


    ជាក់ស្តែង អ្នកដែលឈ្នះនិងទទួលបានខ្សែក្រវាត់ជាពិសេសនេះ គឺអ្នកលេងគុនខ្មែរ ឡុង សំណាង ដោយគេបានផ្តួលកីឡាករថៃ ភិតសាយហ្វា វីឈីតប៉ែតទីវ នៅវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា នាសង្វៀន ស៊ីធីអិន ឬស្សីកែវ។

    ជាការពិត មុននឹងឈានមកដល់វគ្គផ្តាច់ព្រ័ត្រ កីឡាករក្លិបប្រដាល់ សាលវ័ន្តកីឡា បានទទួលជ័យជំនះទាំង៤ប្រកួតនៅវគ្គវិលជុំសន្សំពិន្ទុ ដោយ៖

                -           ថ្ងៃទី១៣ ជុំទី១ វគ្គសន្សំពិន្ទុ ខែមករា គេបានឈ្នះ ភិតដាំ គាតបានឌិតយីម

                -           ថ្ងៃទី២៧ ខែមករា ជុំទី២ វគ្គសន្សំពិន្ទុ គេបានឈ្នះកីឡាករថៃ ភិតសាយឈុន ពៀកខាឃែរ៍

                -           ថ្ងៃទី១៧ ខែកុម្ភៈជុំទី៣ វគ្គសន្សំពិន្ទុ គេបានឈ្នះ ភិតសាយហ្វា .. វីឈីតប៉ែតទីវ

                -           ថ្ងៃទី ០៣ ខែមីនា ជុំទី៤ វគ្គសន្សំពិន្ទុ គេបានឈ្នះ ចេកនួន ឌែងយីម

    លុះឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឡុង សំណាង ក៏បានយកឈ្នះ មិត្តរួមជាតិ ផាន់ គ្រាន់ ទៀត ទើបជោគជ័យនេះរុញរូបគេអោយមកដល់វគ្គផ្តាច់ព្រ័ត្រតែម្តង។


    រីឯកីឡាករថៃ ភិតសាយហ្វា វីឈីតប៉ែតទីវ បានឆ្លងកាត់លទ្ធផលដូចជា៖

                -           ថ្ងៃទី០៦ ខែមករា ជុំទី១ វគ្គសន្សំពិន្ទុ គេបានចាញ់ផាន់គ្រាន់ តែបានទទួលពិន្ទុដោយស្វ័យប្រវត្តិព្រោះដៃគូមិនគោរពលក្ខន្តិកៈ

                -           ថ្ងៃទី២០ ខែមករា ជុំទី២ វគ្គសន្សំពិន្ទុ គេបានឈ្នះកីឡាករខ្មែរ ពុយ វណ្ណៈ ដោយពិន្ទុ

                -           ថ្ងៃទី១៧ ខែកុម្ភៈជុំទី៣ វគ្គសន្សំពិន្ទុ គេបានចាញ់ ឡុង សំណាង តែម្តង

                -           ថ្ងៃទី ០៣ ខែមីនា ហើយជុំទី៤ វគ្គសន្សំពិន្ទុ គេបានឈ្នះកីឡាករកម្ពុជា ឌុម កែវដា

    ឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ភិតសាយហ្វា បានឈ្នះ ឌុម កែវដា ម្តងទៀត ដើម្បឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ។

    យ៉ាងណាក្តី នៅវគ្គផ្តាច់ព្រ័ត្រ ភិតសាយហ្វា បានជួបជើងខ្លាំង ឡុង សំណាង នឹងត្រូវអ្នកលេងគុនខ្មែរ វាយយកឈ្នះដោយពិន្ទុជាឯកច្ឆន្ទ ៥-០ តែម្តង។

    ដូចនេះ ឡុង សំណាង ដែលឈ្នះជើងឯក បានទទួលរង្វាន់យ៉ាងច្រើនដូចជា ប្រាក់រង្វាន់២៤លានរៀល អមដោយខ្សែក្រវាត់ពិសេស១ រីឯកីឡាករ ភិតសាយហ្វា ដែលបានលេខ២  បានទទួលប្រាក់រង្វាន់ ១៦លានរៀល អមដោយ ពានរង្វាន់១ដែរ។

    ដោយឡែក ផាន់ គ្រាន់ បានទទួលចំណាត់ថ្នាក់លេខ៣ ដោយវាយឈ្នះ ឌុម កែវដា ហើយគេបានទទួលប្រាក់រង្វាន់ ១២លានរៀល អមដោយពានរង្វាន់១ ខណៈ កែវដា បានលេខ៤ ទទួលបានប្រាក់រង្វាន់ ៦លានរៀល អមដោយពានរង្វាន់១ផងដែរ៕


អត្ថបទដោយ៖ កុមារទេព