លោក Mauricio Pochettino ត្រូវពិន័យដោយ សមាគមបាល់ទាត់អង់គ្លេស ជាលើកដំបូងក្នុងអាជីព

    អ្នក​ចាត់ការ Mauricio Pochettino ​ ត្រូវ​បាន​សមាគម​បាល់ទាត់​អង់គ្លេស​ដាក់​ពិន័យ ​ព្រោះ​បង្ហាញអាកប្បកិរិយា​មិន​សមរម្យ​ដាក់​អាជ្ញាកណ្ដាល ក្នុងជំនួបដែល Tottenham Hotspur ចាញ់ Burnley 2-1 កាល​ពី​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ។


    បុរស​ជនជាតិ​អាហ្សង់ទីន ​ត្រូវ​ជាប់បម្រាម​មិន​ឲ្យ​ឈរ​ដឹកនាំ​កូន​ក្រុម​ចំនួន២​ប្រកួត​ ចំពោះ​ពាក្យ​សម្ដី​មិន​សមរម្យ​ក្នុង​ជម្លោះ​រវាង​លោក​ និង​អាជ្ញាកណ្ដាល​ Mike Dean

    ក្រៅពីការជាប់បម្រាម​ លោក​ Pochettino ក៏​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​ចំនួន១ម៉ឺន​ផោនផងដែរ។ ការ​ជាប់​បម្រាម​ខាងលើ​ធ្វើ​ឲ្យ​លោក​ខកខាន​បញ្ជា​កូន​ក្រុម ​ក្នុង​ប្រកួត​ប៉ះ ​Southampton នៅ​ថ្ងៃ​ទី៩ ខែ​មីនា និង​ជា​ពិសេស​គឺ​ប្រកួត​ក្រៅ​ដី​ប៉ះ Liverpool នៅ​ចុង​ខែ​មីនា​នេះ។


    នេះ​ជា​លើក​ទី១​ហើយ​សម្រាប់​លោក Pochettino ក្នុង​ការ​ជាប់​ពិន័យចាប់​តាំង​ពី​លោក​ប្រកប​អាជីព​ជា​គ្រូ​បង្វឹក​ក្នុង​ប្រទេស​អង់គ្លេស​រយៈពេល​ជាង​៧​ឆ្នាំ​មក​នេះ៕


អត្ថបទដោយ៖ កុមារទេព