ឈុត សេរីវ៉ាន់ថង ក្រសោបបានជើងឯកពានរង្វាន់ ISI Palm រដូវកាលទី៣

    អ្នកប្រដាល់ ឈុត សេរីវ៉ាន់ថង បានក្លាយជាម្ចាស់ជើងឯក កម្មវិធីប្រដាល់កំពូលអ្នកប្រយុទ្ធ កណ្តាប់ដៃដែក ISI Palm រដូវកាលទី៣ ក្រោយយកឈ្នះ អ្នកប្រដាល់ តាញ់ មករា នៅវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនាសង្វៀន CNC ថ្ងៃអាទិត្យ ទី០៦ ខែមករា ឆ្នាំ២០១៩។


    ក្រោមការហ៊ោកញ្ជ្រៀវយ៉ាងកងរំពង ពីសំណាក់ប្រិយមិត្ត កីឡាករទាំងពីរ បានធ្វើការដោះដូរកណ្តាប់ដៃ និង ជង្គង់គ្នា យ៉ាងក្តៅគគុកបំផុត។ យ៉ាងណាក្តី ក្នុងការប្រកួត គេមើលឃើញថា សេរីវ៉ាន់ថង វាយចេញទៅលើ មករា បានល្អជាង។ បន្ទាប់ពីឆ្លងកាត់ ៥ទឹក លទ្ធផលក៏បង្ហាញថា ឈុត សេរីវ៉ាន់ថង បានយកឈ្នះ តាញ់ មករា ដោយលទ្ធផលជាឯកកច្ឆ័ន។

    ដូចនេះ ឈុត សេរីវ៉ាន់ បានទទួលជ័យលាភីលេខ១ អមដោយប្រាក់រង្វាន់ ២៤លានរៀល មេដាយ១ និង លិខិតបញ្ជាក់១។ ចំណែកឯ តាញ់ មករា បានទទួលចំណាត់ថ្នាក់លេខ២ អមដោយប្រាក់រង្វាន់ ១២លានរៀល មេដាយ១ និង លិខិតបញ្ជាក់១។



    ក្រៅពីនេះ យើងក៏បានរកឃើញបេក្ខភាព ចំណាត់ថ្នាក់លេខ៣ និងលេខ៤ ផងដែរ គឺលេខ៣បានទៅកីឡាករថៃ ភិតប៊ុនមី ប៉ យុទ្ធភូមិ ដោយគេទទួលបានប្រាក់រង្វាន់ ៨លានរៀល អមដោយមេដាយ១ និង លេខ៤បានទៅ កីឡាករថៃ ភូតាក់វ៉ាន់ បេឡេបុរ៉ីរ៉ាំ ដោយគេទទួលបានប្រាក់រង្វាន់ ៦លានរៀល អមដោយមេដាយ១ផងដែរ៕









អត្ថបទដោយ៖ កុមារទេព