ម្ចាស់ផ្ទះ World Cup 2022 កាតាយកពន្ធ ១០០ ភាគរយ លើការនាំចូលគ្រឿងស្រវឹង

    ប្រទេសកាតារបានអនុវត្តន៍ច្បាប់ថ្មីស្ដីពីការយកពន្ធ១០០ ភាគរយលើការនាំចូលគ្រឿងស្រវឹងចាប់ពីដើមឆ្នាំ២០១៩នេះតទៅ។ នេះបើតាមការប្រកាសឲ្យដឹងពីមន្ត្រីរដ្ឋាភិបាល។


    ការដំឡើងពន្ធបានធ្វើឡើងបន្ទាប់ពីរដ្ឋមូស្លីមនិយមនេះបានប្រកាសក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួនថាពួកគេនឹងរឹតបន្តឹងលើទំនិញដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព។ យ៉ាងណាក្តីច្បាប់ថ្មីនឹងធ្វើឲ្យប៉ះពាល់ផងដែរដល់អ្នកទេសចរណ៍បរទេសដែលចង់ទៅលេងកាតា ស្របពេលដែលពួកគេនឹងរៀបចំធ្វើជាម្ចាស់ផ្ទះ World Cup នៅឆ្នាំ២០២២។


    គណៈកម្មការរៀបចំការប្រកួតនៅកាតាបាននិយាយថា អ្នកគាំទ្រដែលទៅទស្សនាការប្រកួតក្រុមជម្រើសជាតិរបស់ពួកគេនៅតែអាចទទួលទានគ្រឿងស្រវឹងបានប៉ុន្តែ នៅទីតាំងណាមួយដែលច្បាប់អនុញ្ញាតប៉ុណ្ណោះ ដើម្បីកុំឲ្យប៉ះពាល់ដល់ប្រពៃណី និងច្បាប់របស់កាតា៕


អត្ថបទដោយ៖ កុមារទេព