កីឡា៧ប្រភេទនិង ស្វាគមន៍ ភ្ញៀវជាតិអន្តរជាតិ ក្នុងពិធីបុណ្យសមុទ្រនៅកោះកុងចុងឆ្នាំនេះ

    ពិធីបុណ្យសមុទ្រលើកទី៧ និងវិលទៅកាន់ខេត្តកោះកុង សារជាថ្មី ជុំទី២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ដោយនិងមានទស្សនីយ៍ភាពប្លែកភ្នែក សិល្បៈចម្រៀង ការដាក់តាំងពិពណ៍ ម្ហូបអាហារសម្លៀកបំពាក់ និង ជាពិសេស ព្រឹត្តការណ៍កីឡា រហូតដល់ទៅ៧ប្រភេទ ទាំងលើទឹក លើគោក និង អាកាស ជូនដល់អ្នកចូលរួមបានទស្សនាផងដែរ។


    ពិធីបុណ្យសមុទ្រលើកនេះ នឹងធ្វើឡើងក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។ ពិធីខាងលើធ្វើឡើង ក្រោមប្រធានបទ ឆ្នេរស្អាត ពលរដ្ឋរម្មណីយ 

    ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិក និងរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ ថា សម្រាប់ពិធីបុណ្យសមុទ្រឆ្នាំនេះ នឹងដាក់កីឡា៧ប្រភេទ ដូចជា រត់ប្រណាំងកម្សាន្ត កីឡា Triathlon  , ប្រណាំងកង់ , ចំបាប់បុរាណ , ប្រដាល់គុនខ្មែរ កីឡា Jet-Ski កីឡាទូកក្តោង Sailing ព្រមទាំង ក្បួនព្យុហយាត្រាផែនកីឡា ស្ដង់ពិព័រណ៍ កម្មវិធីដាំកូនឈើ ឆាកតន្ត្រី សិល្បៈ សិក្ខាសាលាជាដើម។


    ពិធីបុណ្យសមុទ្រ នៅខេត្តកោះកុងលើកនេះមានភាពពិសេសលើសពីលើកមុន នោះគឺមានទាំងការរៀបចំកម្មវិធី កម្សាន្តសប្បាយនានា នៅទីរួមខេត្តកោះកុង និងមានព្រឹត្តិការណ៍ប្រកួតកីឡាវាយ កូនគោលពានរង្វាន់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីអបអរសាទរ ពិធីបុណ្យសមុទ្រផងដែរ៕


អត្ថបទដោយ៖ កុមារទេព